កម្មករអណ្តូងរ៉ែអាហ្រ្វិកខាងត្បូង បានចេញមកក្រៅវិញ កាលពីថ្ងៃពុធ (២៥ តុលា) បន្ទាប់ពីចំណាយពេល ៤ថ្ងៃនៅក្រោមដីក្នុងការតវ៉ាមួយ។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថាកម្មកររ៉ែប្រហែល ២៥០នាក់បានស្ថិតនៅក្រោមដី ខណៈការតវ៉ាប្រឆាំងតំណាងសហជីពនៅអណ្តូងរ៉ែ Gold One របស់ក្រុមហ៊ុនរុករករ៉ែ Modder East ក្នុងទីក្រុង Springs បានបន្តកាលពីថ្ងៃពុធ។

ប៉ុន្តែក្រុមហ៊ុន Gold One និងសហជីពជាតិនៃកម្មកររ៉ែ (NUM) និយាយថា កម្មករជាង ៥០០នាក់ ត្រូវបានចាប់បង្ខាំងទុក ដោយសមាជិកនៃសមាគមកម្មកររ៉ែ និងសហជីពសំណង់ (AMCU) ដែលជាគូប្រជែង នៅពេលដែលម៉ោងធ្វើការរបស់ពួកគេបានបញ្ចប់ កាលពីថ្ងៃចន្ទ (២៣ តុលា)។

សមាគម AMCU បដិសេធថា កម្មករមិនបានត្រូវបង្ខាំងទុកនោះទេ ដោយនិយាយថា ពួកគេកំពុងរៀបចំ «អង្គុយតវ៉ានៅក្រោមដី» ដើម្បីជំរុញឱ្យមានការទទួលស្គាល់របស់សមាគម AMCU ថាជាសហជីពភាគច្រើននៅអណ្តូងរ៉ែ។
អាហ្រ្វិកខាងត្បូង គឺជាប្រទេសផលិតផ្លាទីន និងក្រូមដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតមាស និងពេជ្រឈានមុខគេផងដែរ ប៉ុន្តែឧស្សាហកម្មប្រភេទនេះ បានធ្លាក់ចុះអស់ជាច្រើនឆ្នាំ ដោយសារកម្រិតរ៉ែធ្លាក់ចុះ ហើយទិន្នផលត្រូវបានរំខាននៅឆ្នាំ២០២០ នៅពេលដែលការបិទខ្ទប់ក្នុងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់ប្រតិបត្តិការ៕
