ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានច្រានចោលការចោទប្រកាន់ពីសំណាក់អ៊ីស្រាអែល នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថា លោកបានបញ្ជាក់ពីភាពស្របច្បាប់ចំពោះការវាយប្រហារនានាដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយពុំបានបញ្ជាក់ចំឈ្មោះអ៊ីស្រាអែលថា លោកតក់ស្លត់ណាស់ចំពោះការបកស្រាយខុសក្នុងចំណុចមួយចំនួននៃសេចក្ដីថ្លែងការណ៍របស់លោក ដូចជាបើ លោកបញ្ជាក់ពីសកម្មភាពនៃភេរវកម្មដោយក្រុមហាម៉ាស រឿងនោះពិតជាខុសគឺវាផ្ទុយគ្នា។
កាលពីថ្ងៃអង្គារលោក Guterres បានទទូច ឲ្យមានការការពារជនស៊ីវិល ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបង្ហាញក្ដីបារម្ភពី អំពីការបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិក្នុងតំបន់ហ្កាហ្សា។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាបញ្ហាសំខាន់ត្រូវបញ្ជាក់ឲ្យច្បាស់ថា សង្រ្គាមមានច្បាប់ដោយចាប់ផ្ដើមដោយគោលការណ៍ជាមូលដ្ឋាននៃការគោរពនិងការការពារជនស៊ីវិល។ប្រមុខអង្គការសហប្រជាជាតិរូបនេះនិយាយថាវាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ផងដែរថា ការវាយប្រហារដោយស្នាដៃក្រុមហាម៉ាស ពុំមានជាប់ពាក់ព័ន្ធនឹងភាគីណាផ្សេងទៀតទេ។ប្រជាជនប៉ាឡេស្ទីន ត្រូវបានក្លាយជាគោលដៅរយៈពេល៥៦ឆ្នាំនៃការគ្រប់គ្រងប្រកបដោយការគាបសង្កត់។លោកបាននិយាយថា ប៉ុន្តែទុក្ខសោករបស់ប្រជាជនប៉ាឡេស្ទីនមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារដ៏គួរឱ្យរន្ធត់ដោយក្រុមហាម៉ាស នោះទេ។ ហើយការវាយប្រហារដ៏គួរឱ្យភ័យខ្លាចទាំងនោះមិនអាចបញ្ជាក់អំពីភាពត្រឹមត្រូវដោយដាក់ទណ្ឌកម្មរួមលើប្រជាជនប៉ាឡេស្ទីននោះដែរ។

គួររម្លឹកថា ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែលលោក Gilad Erdan បានហៅសុន្ទរកថារបស់លោក Guterres ថា គួរឱ្យភ្ញាក់ផ្អើល ហើយបានអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងភ្លាមៗ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen បាននិយាយថា លោកនឹងមិនជួបជាមួយលោក Guterres នៅថ្ងៃអង្គារតាមការគ្រោងទុកនោះទេ៕