នៅថ្ងៃព្រហស្បតិ៍ (២៦ តុលា) នេះ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស ស៊ិនចូវ-១៧ (Shenzhou-17) ហើយអវកាសយានិកបីនាក់នៅលើយានអវកាសនោះ នឹងត្រូវបញ្ជូនឱ្យស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេលប្រហែលប្រាំមួយខែ ក្នុងបេសកកម្មស្ថានីយអវកាសមួយ។

យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឱ្យដឹងថា យានអវកាស ដែលស្ថិតនៅពីលើយានចម្លងឈ្មោះ Long March-2F នេះ បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈ័ន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន។
អវកាសយានិកទាំងបីរបស់យានស៊ិនចូវ-១៧ មានឈ្មោះ លោក ថាង ហុងប៉ូ (Tang Hongbo) លោក ថាង សឹងជៀ (Tang Shengjie) និងលោក ជាំង ស៊ីនលីន (Jiang Xinlin) គឺជាក្រុមអវកាសយានិកក្មេងជាងគេ ចាប់តាំងពីការសាងសង់ស្ថានីយ៍អវកាស ធានកុង របស់ចិនបានចាប់ផ្តើមមក។

លោក លីន ស៊ីឈាំង (Lin Xiqiang) នាយករងនៃទីភ្នាក់ងារអវកាស CMSA បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា អវកាសយានិកទាំងបីរូបនោះ នឹងធ្វើបេសកកម្មវិទ្យាសាស្ត្រអវកាសក្នុងគន្លង និងការធ្វើតេស្តបន្ទុកកម្មវិធី ព្រមទាំងការពិសោធន៍ផ្សេងៗទៀត។
លោក លីន បានបន្ថែមថា អវកាសយានិកទាំងនោះ ក៏នឹងបន្តវាយតម្លៃមុខងារ និងដំណើរការរបស់ស្ថានីយ៍អវកាស និងសាកល្បងការសម្របសម្រួល ព្រមទាំងភាពស្របគ្នានៃមជ្ឈមណ្ឌលទ្រទ្រង់ដី ក្នុងការអនុវត្តការងារ និងការគ្រប់គ្រងស្ថានីយអវកាស ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពកែតម្រូវកំហុសរបស់ស្ថានីយអវកាសនេះផងដែរ៕