ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការលើកម្មវិធីអាទិភាពចំនួន ២ គឺ ទី១ កម្មវិថីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥ លាននាក់ និងទី២.កម្មវិធីពង្រីកវិសាលភាពផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងសមាជិក ប.ស.ស.។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកវគ្គវិក្រិតការគ្រូបច្ចេកទេស ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ កាលពីព្រឹកថ្ងៃទី២៦ ខែតុលានេះ ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺចង់សម្រេចឲ្យបានចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យការងារ ដែលមានមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។
ឯកឧត្តមមានប្រសាសន៍ថាថា ចំពោះកម្មវិធីការពង្រីកវិសាលភាពរបបសន្តិសុខសង្គម រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដល់កម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន ១៥, ៦០០រៀល ក្នុង១ខែ ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មករនិយោជិត។
ចំណែកកម្មវិធីទី២ គឺការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន ១,៥ លាននាក់ ដោយឥតគិតថ្លៃ និងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម នឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយអាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារសម្បូណ៌បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី





