ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានរំលឹកនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ទៅដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលថា «ជាតិជាមន្ត្រីល្អ ដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ដែលនេះគឺជាសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន មួយឃ្លាដែល ឯកឧត្តមចងចាំជានិច្ច។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា នៅថ្ងៃទី ២៦ តុលានេះ ឆ្នាំ២០២៣នេះ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជ័យលាភីជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ ចំនួន៥៤នាក់ និង បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០០នាក់ទៀត នៅក្នុងសាលាភូមិន្ទរដ្ឋបាលនាថៃ្ងទី២៦ ខែតុលា ឆ្នាំ ២០២៣នេះ។
ពិធីនេះមានការចូលរួមផងដែរពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណះនិងជានាយកសាលាភូមិន្ទរដ្ឋបាលថ្នាក់ដឹកនាំមន្ត្រីរាជការ សិក្ខាកាមមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខណ្ឌថ្មីឆ្នាំ២០២៣នេះជាច្រើននាក់នោះ។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកយកនូវសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន មួយឃ្លាដ៏មានតម្លៃនេះចែករំលែកទៅកាន់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣នេះផងដែរ។ ឯកឧត្តមបញ្ជាក់ថា ជាការពិតការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមានសារៈសំខាន់ តែមន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយក្រមសីលធម៌ វិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ដូចគ្នាទៅនឹងអ្វីដែលឯកឧត្តមតែងតែបានលើកឡើងជារឿយៗថា អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាពនៃភាពជាអ្នកដឹកនាំល្អ ក្នុងនោះមាន៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និងអត្តចរិតល្អ (Character)។
ឯកឧត្តមបន្តទៀតថា បុគ្គលគ្រប់រូបសុទ្ធតែមានចក្ខុវិស័យផ្ទាល់ខ្លួន ដើម្បីការរីកចម្រើនទៅថ្ងៃអនាគត ហើយសម្រាប់ប្រទេសកម្ពុជា មានចក្ខុវិស័យសម្រាប់ប្រទេសជាតិសម្រាប់ ២០៣០ និង២០៥០ ធ្វើឱ្យសម្រេចបានចក្ខុវិស័យទៅថ្ងៃអនាគត បុគ្គលគ្រប់រូបចាំបាច់ត្រូវមានសមត្ថភាពបច្ចេកទេសរៀងៗខ្លួន ហើយត្រូវដុសខាត់សម្រួច ចំណេះជំនាញរបស់ខ្លួនជាប្រចាំ៕ អត្ថបទ ៖ ភារម្យ





