
ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែន ដោយក្រុមហាម៉ាស យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) នេះ បាននិយាយថា ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថា ត្រូវបានចាប់ឃុំខ្លួនជាចំណាប់ថ្នូរ នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២២៤នាក់ហើយ ហើយនឹងអាចកើនឡើងបន្ថែមទៀត។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានសម្រុកចូលដូចព្យុះសង្ឃរា តាមសហគមន៍នានារបស់ប្រទេសអ៊ីស្រាអែល នៅតាមព្រំដែនតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ពង្រត់មនុស្សជាង ២០០នាក់ ដែលនេះជាការវាយប្រហារដ៏គួរឲ្យស្លុតចិត្តមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល។
ចំណែកឯក្រសួងសុខាភិបាលនៃក្រុមហាម៉ាសវិញ បានឲ្យដឹងកាលពីថ្ងៃពុធ (ទី២៥ ខែតុលា) ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៦.៥០០នាក់។ យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខនៃជនរងគ្រោះពីភាគីណាមួយបានទេ៕