
នៅថ្ងៃព្រហស្បតិ៍នេះ នគរបាលបែលហ្ស៊ិក បានពង្រឹងវិធានការរបស់ខ្លួននៅជុំវិញអគារក្រុមប្រឹក្សាអឺរ៉ុប ស្របពេលដែលក្រុមមេដឹកនាំអឺរ៉ុប នឹងជួបជុំគ្នាដើម្បីព្យាយាមដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្របពេលដែលពួកគេមានបំណងបង្ហាញការគាំទ្របន្តសម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីផងដែរ ។
កិច្ចប្រជុំកំពូលនៅក្នុងទីក្រុងព្រុចសែល នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុបដែលមានរដ្ឋជាសមាជិក ២៧ប្រទេស ចាប់តាំងពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់លើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ជាហេតុបង្ខំឲ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់បិទច្រកហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។
ស្របពេលដែលប្រទេសនៅសហភាពអឺរ៉ុបថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហាររបស់ក្រុមហាម៉ាស់ ក្រុមមេដឹកនាំទាំងអស់នេះ ពិបាកក្នុងការទទួលបានសារតែមួយ ដោយក្នុងនោះមេដឹកនាំមួយចំនួន និយាយសង្កត់ធ្ងន់ពីសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនឯង ហើយមេដឹកនាំខ្លះទៀត បង្ហាញពីក្តីកង្វល់ដល់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន ។
មុនពេលឈានដល់ជំនួបកំពូលនេះដែរ ប្រទេសនៅសហភាពអឺរ៉ុប មានការខ្វែងគំនិតគ្នារួចទៅហើយថាតើត្រូវអំពាវនាវឲ្យផ្អាកសង្រ្គាមដើម្បីបុព្វហេតុមនុស្សធម៌ឬយ៉ាងណា ដោយមេដឹកនាំមួយចំនួននិយាយជំទាស់ថា វិធានការបែបនេះ គឺចាំបាច់ដើម្បីនាំចូលជំនួយទៅក្នុងតំបន់ហ្គាហ្សា ខណៈដែលមេដឹកនាំផ្សេងទៀត និយាយថា វាអាចនឹងធ្វើឲ្យអន្តរាយដល់សមត្ថភាពអ៊ីស្រាអែល ក្នុងការការពារខ្លួនឯង ៕