អាមេរិក ត្រូវបានរង្គោះរង្គើដោយការបាញ់ប្រហារសម្លាប់រង្គាលមួយទៀត បន្ទាប់ពីក្រុមអាជ្ញាធរនិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅទីលានលេងកីឡាប៊ូលីង និងបារមួយកន្លែង ក្នុងទីក្រុង Lewiston រដ្ឋ Maine របស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨នាក់។

ការបាញ់ប្រហារសម្លាប់រង្គាលនេះ គឺជាករណីដ៏ធំលើកទី៥៦៥ ដែលធ្វើឱ្យកក្រើកសហរដ្ឋអាមេរិក នៅឆ្នាំនេះ បើយោងតាមគេហទំព័រតាមដានហិង្សាដោយអាវុធ GVA ដែលចាត់ថ្នាក់ការបាញ់សម្លាប់រង្គាល នៅពេលដែលមានមនុស្ស ៤នាក់ ឬច្រើននាក់ ត្រូវបានបាញ់សម្លាប់ ដោយមិនរាប់បញ្ចូលទាំងជនល្មើសនៅក្នុងទីតាំងដូចគ្នា និងពេលវេលានៅកន្លែងកើតហេតុ។

ដូចជារយៈពេលច្រើនឆ្នាំមុនដែរ ឆ្នាំ២០២៣នេះ ត្រូវបានកត់សម្គាល់ដោយការបាញ់ប្រហារដ៏ធំជាច្រើនករណីនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបសាធារណៈ នៅក្នុងតំបន់លំនៅឋាន សាលារៀន លំនៅដ្ឋានឯកជន និងច្រើនកន្លែងទៀតនៅទូទាំងសហរដ្ឋអាមេរិកផងដែរ៕