គណៈកម្មាធិការសភាសហរដ្ឋអាមេរិក បានចោទសួរកងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ អំពីអ្វីដែលខ្លួនចាត់ទុកថាជា «ការពន្យារពេលដ៏គួរឱ្យព្រួយបារម្ភ» ក្នុងការដឹកជញ្ជូនសព្វាវុធទៅកាន់កោះតៃវ៉ាន់ ដោយសួរថាហេតុអ្វីបានជាការផលិត ពេលខ្លះធ្លាក់ចុះក្នុងរយៈពេលជាច្រើនខែឬច្រើនឆ្នាំមកនេះ បន្ទាប់ពីកិច្ចព្រមព្រៀងទិញ ត្រូវបានចុះហត្ថលេខា។

សភាតំណាងរាស្ត្រ បាននិយាយក្នុងលិខិតផ្ញើទៅកាន់មេបញ្ជាការកងទ័ពជើងទឹក លោក Carlos Del Toro ថា ពេលវេលាបានអស់ហើយ ដើម្បីរារាំងសកម្មភាពយោធារបស់ប្រទេសចិនមកលើកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថាជាដែនដីរបស់ខ្លួន។
សមាជិកសភាបានសរសេរថា ការពន្យាពេលក្នុងការអនុវត្តន៍នៅក្នុងកងទ័ពជើងទឹក កំពុងតែរារាំងដល់ការផលិត និងការដឹកជញ្ចូនសព្វាវុធសំខាន់ៗទៅកាន់កោះតៃវ៉ាន់ឲ្យទាន់ពេលវេលា រួមទាំងមីស៊ីលប្រឆាំងនាវាសំខាន់ៗ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម។

ពួកគេបានគូសបញ្ជាក់ពីតម្រូវការសម្រាប់មីស៊ីលប្រឆាំងនាវា Harpoon និងមីស៊ីល SLAM-ER ដែលទាំងពីរនេះ សហរដ្ឋអាមេរិក បានព្រមព្រៀងកាលពីឆ្នាំមុនដើម្បីលក់ទៅឱ្យកោះតៃវ៉ាន់។
សមាជិកសភា បានសរសេរថា វាត្រូវចំណាយពេលរហូតដល់ខែមេសា ឆ្នាំ ២០២៣ សម្រាប់កងទ័ពជើងទឹកក្នុងការចុះកិច្ចសន្យាសម្រាប់ការផលិតមីស៊ីល Harpoon បាញ់ពីដីគោកចំនួន ៤០០គ្រាប់ ទៅឱ្យកោះតៃវ៉ាន់ ដោយកត់សម្គាល់ថានោះគឺ មានរយៈពេលជាង២ឆ្នាំ បន្ទាប់ពីការប្រកាសរបស់ក្រសួងការពារជាតិ កាលពីខែតុលា ឆ្នាំ ២០២០ នៃការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់។ ការដឹកជញ្ចូនដែលបានដាក់ហានិភ័យលើសពីឆ្នាំ ២០២៧ ជាឆ្នាំដែលមន្ត្រីសហរដ្ឋអាមេរិកនិយាយថា គឺជាកាលបរិច្ឆេទដាក់គោលដៅរបស់ប្រទេសចិន ដើម្បីត្រៀមខ្លួនធ្វើការឈ្លានពាន ។