មរណភាពភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន លោក លី ខឺឈាង (Li Keqiang) បានធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេកំពុងគោរពវិញ្ញាណក្ខន្ធដល់អតីតមន្ត្រី ដែលបានសន្យាថា នឹងធ្វើកំណែទម្រង់លើទីផ្សារ ប៉ុន្តែត្រូវបានបដិសេធដោយអ្នកនយោបាយ។

លោក Li ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ (២៧ តុលា) នេះ ដោយជំងឺគាំងបេះដូង គឺធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយបានជួយដោះស្រាយវិបត្តិរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនេះ តាមរយៈបញ្ហាប្រឈមដូចជា ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាដើម។

សារបង្ហោះអនឡាញ ទាក់ទងនឹងការស្លាប់របស់លោក Li នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន វ៉ៃប៉ូ (Weibo) បានទាក់ទាញអ្នកចូលមើលជាង ១ពាន់លាននាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
នៅលើការបង្ហោះដែលទាក់ទងនឹងលោក Li ត្រូវបានគេមើលឃើញថា ប៊ូតុង «ចូលចិត្ត» បានប្រែក្លាយទៅជារូបផ្កាដាយស៊ី ដែលជាធម្មតា វាជាផ្កាសម្រាប់ពិធីបុណ្យសពនៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់ជាច្រើនបានសរសេរក្នុងខមិនថា «សូមទៅកាន់សុគតិភព»។
អ្នកខ្លះទៀតបានហៅការស្លាប់របស់លោក Li ថាជាការបាត់បង់ដ៏ធំ ហើយបាននិយាយថា លោកបានខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងច្រើនដល់ប្រទេសចិន៕