
ប្រធានសភាសហរដ្ឋអាមេរិកដែលទើបជាប់ឆ្នោតថ្មីលោក Mike Johnson កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បាននិយាយថា ការផ្តល់មូលនិធិគាំទ្រដល់ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែល គួរតែត្រូវបានដោះស្រាយដាច់ដោយឡែកពីគ្នា ដោយលើកឡើងថា រូបលោកនឹងមិនគាំទ្រកញ្ចប់ជំនួយ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតី លោក Joe Biden សម្រាប់ប្រទេសទាំង២ នោះទេ។
ដោយនិយាយក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍នៃកម្មវិធី Fox News លោក Johnson មានការព្រួយបារម្ភអំពីការផ្តល់មូលនិធិអ៊ុយក្រែនជាទូទៅ ហើយជឿជាក់ថា ជំនួយជាទឹកប្រាក់ណានីមួយ សម្រាប់អ៊ីស្រាអែល នឹងត្រូវផ្តល់មូលនិធិដោយការកាត់បន្ថយជំនួយពីកន្លែងផ្សេងទៀត។
នៅថ្ងៃព្រហស្បតិ៍នោះ លោកបានជួបជាមួយលោក Biden ហើយបាននិយាយថា លោកបានប្រាប់មន្ត្រីសេតវិមានថា៖ «ការស្របមតិរបស់យើង ក្នុងចំណោមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ គឺយើងត្រូវបែងចែកបញ្ហាទាំងនោះឡើងវិញ»។
សូមបញ្ជាក់ថា លោក Biden ចង់ឲ្យសភាផ្តល់មូលនិធិបន្ថែមចំនួន ១០៦ពាន់លានដុល្លារអាមេរិក ដោយចំនួនទឹកប្រាក់ភាគច្រើន នឹងផ្ដល់ក្នុងការជួយជំរុញការការពាររបស់អ៊ុយក្រែន និងចំណែកដែលនៅសល់នឹងផ្ដល់ឲ្យអ៊ីស្រាអែល ប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការអនុវត្ត នៅតាមព្រំដែន៕