
មន្ត្រីរុស្ស៊ីម្នាក់ បានឲ្យដឹង នៅថ្ងៃសុក្រ (ទី២៧ ខែតុលា) នេះថា អតីតសមាជិកសភាអ៊ុយក្រែន ដែលជាឥស្សរជនគាំទ្ររុស្ស៊ី គឺលោក Oleg Tsaryov ដែលត្រូវបានរាយការណ៍ថា ត្រូវបានលើកបន្តុបដោយទីក្រុងម៉ូស្គូ ដើម្បីឲ្យដឹកនាំរដ្ឋបាលក្រោមបង្គាប់ នៅទីក្រុងគីវ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្រោយត្រូវបានបាញ់ប្រហារ។
មន្ត្រីនោះ ដែលមានឈ្មោះ Vladimir Rogov មិនបានបញ្ជាក់ថា តើការបាញ់ប្រហារ បានកើតឡើងនៅទីណានោះទេ។ តាមរយៈកម្មវិធីផ្ញើសារ Telegram លោក Rogov មន្ត្រីជាន់ខ្ពស់ដែលលើកបន្តុបដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន បានឲ្យដឹងថា៖ «ស្ថានភាពរបស់លោក Oleg គឺធ្ងន់ធ្ងរណាស់។ លោក Oleg ត្រូវបានគេបាញ់ប្រហារ»។
សូមរំលឹកថា ប្រភពជាច្រើន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីឆ្នាំមុនថា រុស្ស៊ីបានលើកបន្តុបលោក Tsaryov ឲ្យឈរនៅក្នុងចំណោមឥស្សរជនផ្សេងទៀត ដើម្បីដឹកនាំរដ្ឋបាលក្រោមបង្គាប់ នៅទីក្រុងគៀវ បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានចាប់ផ្ដើមការលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕