
លោក Robert Card ខ្មាន់កាំភ្លើងដែលសង្ស័យ នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅរដ្ឋ Maine ដែលបណ្តាលឲ្យមនុស្ស ១៨នាក់ ស្លាប់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងតំបន់ព្រៃមួយកន្លែង នៅជិតកន្លែងកើតហេតុនៃការបាញ់ប្រហារដ៏ឃោរឃៅ។ លោក Card គឺជាគោលដៅនៃការតាមស្វែងរកអស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពីអំពើហិង្សាដ៏រន្ធត់នៅក្នុងទីក្រុង Lewiston រដ្ឋ Maine ហើយការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយប្រភពអនុវត្តច្បាប់។ លោក Card ត្រូវបានគេជឿថាបានសម្លាប់ខ្លួនឯង។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងកាលពីម៉ោង ១០ យប់ ម៉ោងក្នុងតំបន់ អភិបាលរដ្ឋ Maine លោកស្រី Janet Mills បានបញ្ជាក់ថា សាកសពរបស់លោក Card ត្រូវបានរកឃើញ ហើយ បាននិយាយថា លោកស្រី បានជូនដំណឹងនេះទៅដល់លោកប្រធានាធិបតី Joe Biden អំពីព័ត៌មាននេះ។
កាលពីព្រឹកថ្ងៃសុក្រ វាត្រូវបានគេបង្ហាញថា សំបុត្រមួយត្រូវបានរកឃើញ ប៉ុន្តែខ្លឹមសាររបស់វាមិនត្រូវបានបញ្ចេញនោះទេ។ ក្រុមអ្នកមុជទឹក បានស្វែងរកនៅទន្លេនៅក្បែរនោះ ដែលរថយន្ត SUV របស់លោក Card ត្រូវបានរកឃើញ ។
វាមានការវាយឆ្មក់ចូលទៅក្នុងលំនៅឋានរបស់លោកនៅតំបន់ Bowdoin ដែលបានបញ្ចប់ដោយពុំមានការចាប់ខ្លួន និងគ្មានដាននៃទាហានបម្រុងកងទ័ពអាមេរិករូបនេះទេ។
លោក Card ត្រូវបានគេស្វែងរកដោយសង្ស័យថាបានសម្លាប់ជនរងគ្រោះ១៨នាក់ និងធ្វើឲ្យរងរបួស១៣នាក់ផ្សេងទៀត ក្នុងការបាញ់ប្រហារនៅទីតាំង២កន្លែងកាលពីយប់ថ្ងៃពុធ។