
ជុំចុងក្រោយនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានឈានចូលដល់ថ្ងៃទី ២២ នៅថ្ងៃសៅរ៍ នេះ បានសម្លាប់មនុស្សសរុបជាង ៨.៨០០នាក់ នៅផ្នែកទាំងសងខាង។
យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្របានឲ្យដឹងថា នៅខាងភាគីប៉ាឡេស្ទីន ចំនួនអ្នកស្លាប់សរុបចំនួន ៧.៤៣៦ នាក់នៅក្នុងតំបន់ហ្កាហ្សានិងនៅWest Bank ។ ក្នុងចំណោមនោះ មនុស្ស ៧.៣២៦ នាក់បានស្លាប់នៅតំបន់ហ្កាហ្សានិង ១១០ នាក់នៅតំបន់ West Bank។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋប៉ាឡេស្ទីនចំនួន ១៨.៩៦៧ នាក់ បានរងរបួសនៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរនេះ។
ជម្លោះក៏បានឆក់យកជីវិតមនុស្សជាង ១.៤០០ នាក់ នៅខាងភាគីអ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែលដែលបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការតាមដីគោកទៅលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្កាហ្សា លើគោលដៅយោធានិងទីប្រជុំជន របស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។