ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។

ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។

ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។
រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕