អ្នករស់រានមានជីវិតពីព្យុះសង្ឃរា អូទីស (Otis) បានជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ទឹក និងស្បៀងអាហារ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ខណៈអ្នកស្រុកកំពុងរង់ចាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីព្យុះដ៏មហន្តរាយ ដែលបានវាយប្រហារទីក្រុងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (២៥ តុលា)។

មនុស្សម្នាជាច្រើនតម្រង់ជួរក្រោមពន្លឺថ្ងៃដ៏ក្តៅគគុកក្បែរធុងទឹកក្រោមដី ដើម្បីទទួលបានទឹកមកងូត និងប្រើប្រាស់។ នៅក្នុងតំបន់លំនៅឋាន រ៉េណាស៊ីមីអេនតូ (Renacimiento) អ្នកស្រុកបានដើរតាមដងផ្លូវដែលជន់លិចដោយទឹកដ៏កខ្វក់ ហើយបានត្អូញត្អែរចំពោះកង្វះខាតជំនួយ។

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កាចសាហាវនៅសប្តាហ៍នេះ នៅក្នុងរមណីយដ្ឋានឆ្នេរម៉ិកស៊ិក អាកាពុលកូ (Acapulco) បានកើនឡើងដល់ ៣៩នាក់ហើយ ខណៈលោកប្រធានាធិបតី Andres Manuel Lopez Obrador បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានបំផ្លើសទំហំនៃការខូចខាតរបស់គ្រោះមហន្តរាយនេះ៕