អ្នកស្រុកនៃសហគមន៍ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំមួយ ដែលបានបណ្ដាលឲ្យមនុស្ស ១៨នាក់ ស្លាប់ក្នុងសប្តាហ៍នេះនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងពីធីកាន់ទុក្ខមួយកាលពីយប់ថ្ងៃសៅរ៍ (២៨ តុលា)។

ការប្រមូលផ្ដុំគ្នានេះ បានកើតឡើងនៅមាត់ទន្លេក្នុងសហគមន៍ Lisbon ភាគខាងត្បូងនៃទីក្រុង Lewiston ជាទីដែលអតីតទាហានបម្រុងនៃកងទ័ពអាមេរិក លោក Robert Card វ័យ ៤០ឆ្នាំ បានបាញ់បើកការបាញ់ប្រហារក្នុងទីលានវាយកូនបាល់ និងបារមួយកន្លែង កាលពីថ្ងៃពុធ (២៥ តុលា)។ នគរបាលបាននិយាយថា ឧក្រិដ្ឋជន Card រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ កាលពីល្ងាចថ្ងៃសុក្រ (២៧ តុលា) ដោយការបាញ់សម្លាប់ខ្លួនឯង។

ប្រជាជនជាច្រើនមកពីទីក្រុងជុំវិញបានកាន់ទៀន និងបួងសួងដល់អ្នកស្លាប់ និងអ្នករបួស។ អ្នកចូលរួមជាច្រើនបាននិយាយថា សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនោះ ហើយពួកគេប្រើប្រាស់ការប្រមូលផ្ដុំនេះ ដើម្បីពន្យល់ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដល់កូនៗរបស់ពួកគេ។
ការបាញ់ប្រហារ និងការតាមចាប់ខ្លួនឧក្រិដ្ឋជនដ៏អូសបន្លាយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហគមន៍ នៃទីក្រុង Lewiston មួយនេះ ដែលជាអតីតមជ្ឈមណ្ឌលវាយនភណ្ឌ និងជាតំបន់មានប្រជាជនច្រើនជាងគេទីពីរក្នុងរដ្ឋ Maine ដែលស្ថិតនៅលើច្រាំងទន្លេ Androscoggin របស់សហរដ្ឋអាមេរិក៕