ឥណ្ឌា ៖ បុរសម្នាក់ ដែលអះអាងថាជាអតីតសមាជិកនៃវិហារសាក្សីព្រះយេហូវ៉ា ត្រូវបានឃុំខ្លួនដើម្បីសាកសួរ ក្នុងការការស៊ើបអង្កេតអំពីការជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក ដែលធ្វើដោយខ្លួនឯង ក្នុងការជួបជុំរបស់ក្រុមគ្រិស្ដបរិស័ទ នៅរដ្ឋកេរ៉េឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (២៩ តុលា) ដោយបានសម្លាប់ស្ត្រីពីរនាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមនគរបាល។
ប្រមុខរដ្ឋលោក Pinarayi Vijayan បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទខ្លីមួយថា មនុស្ស ១៧នាក់ កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ ដោយមនុស្ស៥នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងមហាសន្និបាតនៃវិហារសាក្សីព្រះយេហូវ៉ា នៅទីក្រុងកាឡាម៉ាសឺរី (Kalamassery) ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងកូឈី (Kochi)។
ជនសង្ស័យឈ្មោះ Dominic Martin បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម Facebook ដោយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនោះ មុនពេលយល់ព្រមប្រគល់ខ្លួនភ្លាមៗនៅប៉ុស្តិ៍នគរបាលក្នុងសង្កាត់ Thrissur ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
អគ្គនាយកនគរបាលរដ្ឋកេរ៉េឡា លោក Shaik Darvesh Saheb បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតបឋមបានបង្ហាញថា គ្រឿងផ្ទុះដែលផលិតឡើងដោយខ្លួនឯង ត្រូវបានប្រើប្រាស់នៅក្នុងការបំផ្ទុះនោះ។
លោកប្រមុខរដ្ឋ Vijayan បាននិយាយថា នគរបាលកំពុងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដោយមានក្រុមពិសេសមួយក្រុម ដែលមានសមាជិកចំនួន ២០នាក់ កំពុងស៊ើបអង្កេត ហើយលោកនឹងមានព័ត៌មានច្បាស់លាស់បន្ថែមទៀត នៅក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធទាំងអស់នៅព្រឹកថ្ងៃចន្ទនេះផងដែរ៕

