
បណ្ដាកសិករអ៊ីស្រាអែល នៅតាមបណ្តោយព្រំដែនជាមួយតំបន់ហ្កាហ្សា ស្រ្ទីប កំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម ស្របពេលមានការកើនឡើងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលអាចនាំទៅរកវិបត្តិរយៈពេលវែង។
តំបន់ព្រំដែនក្នុងប្រទេសអ៊ីស្រាអែល ពោរពេញទៅដោយចម្ការដំណាំ និងកសិដ្ឋានទឹកដោះគោ ដែលជាផ្នែកសំខាន់នៃវិស័យកសិកម្មរបស់ប្រទេស។
ផលិតផលកសិកម្មរបស់អ៊ីស្រាអែល ត្រូវបានប្រើប្រាស់នៅទីផ្សារក្នុងស្រុក ហើយនាំចេញជុំវិញពិភពលោក ប៉ុន្តែចាប់តាំងពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មក ក្រុមកម្មករបរទេសរបស់កសិដ្ឋាន បានភៀសខ្លួនចេញដើម្បីសុវត្ថិភាព ខណៈកម្មករប៉ាឡេស្ទីន ដែលបានធ្វើការនៅកសិដ្ឋានអ៊ីស្រាអែល អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានហាមឃាត់។
ទន្ទឹមនឹងកង្វះខាតកម្លាំងពលកម្ម កសិករមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូលធ្វើស្រែចម្ការរបស់ពួកគេទេ ដោយសារដីចម្ការទាំងនោះត្រូវបានប្រែក្លាយទៅជាតំបន់រឹតបន្តឹងយោធា ហើយខណៈដែលសំឡេងនៃយន្តហោះចម្បាំង និងគ្រាប់បែក បានបន្លឺឡើងពាសពេញវាលស្រែរបស់ពួកគេ កសិករជាច្រើនបាននិយាយថា ពួកគេមិនដឹងថាអាចទប់ទល់បានយូរប៉ុណ្ណាទៀតនោះទេ៕