
ជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងកើតមាន បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៩.៥០០នាក់ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលនៃភាគីជម្លោះទាំងពីរ។
នាយកដ្ឋានសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីនៅព្រឹកថ្ងៃអាទិត្យ (២៩ តុលា) ថា មនុស្សជាង ៨.០០០នាក់ បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។
យោងតាមព័ត៌មានពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា នៅខាងអ៊ីស្រាអែល មនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់។ កងទ័ពអ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ស្ទ្រីប ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ខណៈខ្លួនបានចាប់ផ្តើមប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំនៅក្នុងផ្នែកជាច្រើននៃតំបន់ហ្កាហ្សា ដែលលាតសន្ធឹងពីភាគខាងត្បូងទៅភាគខាងជើង។
ក្នុងពេលជាមួយគ្នានោះដែរ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានបន្តបាញ់គ្រាប់រ៉ូកែតចូលក្នុងទឹកដីអ៊ីស្រាអែល។ យោងតាមកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឲ្យដឹងថា រថក្រោះ និងកងទ័ពជាច្រើនផ្សេងទៀតរបស់អ៊ីស្រាអែល កំពុងវាយរុលទៅមុខក្នុងសកម្មភាពមានកំណត់ ប៉ុន្តែមាននិរន្តរភាពនៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប៕