
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងហៅត្រឡប់មកវិញនូវអ្នកការទូតរបស់ខ្លួនពីប្រទេសទួរគីជុំវិញ«សេចក្តីថ្លែងការណ៍មិនពិរោះស្តាប់កាន់តែខ្លាំងឡើង» ដែលចេញមកពីរដ្ឋាភិបាល នៅទីក្រុងអង់ការ៉ា។ ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីទួរគី បានថ្លែងប្រាប់ហ្វូងបាតុករដ៏ធំ នៅទីក្រុងអ៊ីស្តង់ប៊ុលថា រដ្ឋាភិបាលរបស់លោក កំពុងរៀបចំដើម្បីប្រកាសអ៊ីស្រាអែលជា «ឧក្រិដ្ឋជនសង្គ្រាម» ដោយសារតែសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីពេលកន្លងទៅ អ៊ីស្រាអែល បានដកអ្នកការទូតរបស់ខ្លួនចេញពីប្រទេសទួរគី ដោយសារហេតុផលសន្តិសុខ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen បាននិយាយនៅលើបណ្តាញសង្គម X ដែល ពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា ពួកគេកំពុងត្រូវបានបញ្ជាឲ្យដកចេញឥឡូវនេះ ដើម្បីធ្វើការវាយតម្លៃឡើងវិញនូវទំនាក់ទំនងរវាងទួរគី និងអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់លោក Cohen បានបញ្ជាក់ថា ការសម្រេចមួយដែលកាត់ផ្តាច់ទំនាក់ទំនងការទូត ដែលទើបបានស្តារឡើងវិញរវាងប្រទេសទាំងពីរ។ ពុំមានការឆ្លើយតបភ្លាមៗពីក្រសួងការបរទេសទួរ គីទេ។
កាលពីព្រឹកថ្ងៃសៅរ៍ លោកប្រធានាធិបតីទួរគី រ៉េសិប តាយីប អេរដូហ្គែន ( Recep Tayyip Erdogan) បាននិយាយក្នុងអំឡុងពេលបាតុកម្មគាំទ្រប៉ាឡេស្ទីន ដែលបានទាក់ទាញអ្នកចូលរួមរាប់រយពាន់នាក់ថា ប្រទេសរបស់ខ្លួនគ្រោង នឹងចោទប្រកាន់ជាផ្លូវការថាអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប។