ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានប្រកាសធ្វើកំណែទម្រង់ថ្មី ដោយអនុញ្ញាតឲ្យក្លិបសមាជិកទាំងអស់ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ស្របពេល CPL មិនបន្ដកុងត្រាជាមួយនាយកប្រតិបត្តិលោក Satoshi Saito ឡើយ បន្ទាប់ពីអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្លិប FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) នេះ ដឹកនាំបានរយៈពេល ២ឆ្នាំ ។
យោងតមាសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោយកិច្ចប្រជុំពិភាក្សា និងសេចក្ដីសម្រេចពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើការកំណែរទំរង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែរទំរង់នេះ ធ្វើឡើងដើម្បីឲ្យក្លិបជាសមាជិកមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ ។
តាមរយៈកំណែរទំរង់នេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito បន្ទាប់ពីកុងត្រាលោកត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដោយក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក ដូចជានាយកប្រតិបត្តិ នាយកទីផ្សារ និងនាយកបច្ចេកទេសជាដើម ឲ្យទៅក្រុមព្រឹក្សាភិបាលថ្មីក្រោយធ្វើការកំណែរទំរង់។ កំឡុងនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់៕ អត្ថបទ លី ឈុនឡា
