ប្រជាជនប៉ាឡេស្ទីនបានតវ៉ានៅតាមដងផ្លូវនានានៃតំបន់ West Bank ភាគខាងលិចទីក្រុង រ៉ាម៉ាឡា(Ramallah)កាលពីថ្ងៃអង្គារ ៣១ តុលា ហើយបានបួងសួងដល់ជនរងគ្រោះ នៃការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួននៅភាគខាងជើង តំបន់ហ្កាហ្សា ។
ប្រធានមន្ទីរពេទ្យឥណ្ឌូណេស៊ីរបស់តំបន់ហ្កាហ្សាបានប្រាប់ទូរទស្សន៍ Al Jazeera ថា ជនជាតិប៉ាឡេស្ទីនជាង ៥០ នាក់ បានស្លាប់ និង ១៥០ នាក់ បានរងរបួសក្នុង អំឡុងពេលការវាយប្រហារតាមអាកាសទៅលើតំបន់ដែលមានប្រជាជនរស់នៅច្រើននៃជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia)។

អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា មនុស្ស ៨.៥២៥ នាក់ រួមទាំងកុមារ ៣.៥៤២នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។
មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង១,៤ លាននាក់ នៃចំនួនប្រជាជនសរុបនៅក្នុងតំបន់ហ្កាហ្សាប្រហែល ២,៣ លាននាក់ត្រូវបានបាត់បង់ផ្ទះសម្បែង។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ចំពោះចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនោះ៕
