យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគជាច្រើនបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន រួមទាំងនៅក្នុងប្រទេសអេស្ប៉ាញ ទីក្រុងហុងកុង និងប្រទេសជាច្រើនទៀតនៅក្នុងទ្វីបអាហ្រ្វិក នៅក្នុងសកម្មភាពមួយ ដែលអាចមើលឃើញជិត ២៥ភាគរយនៃបេសកកម្មរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានបិទនៅទូទាំងពិភពលោក។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ (៣១ តុលា) ថា ការបិទបេសកកម្មការទូតរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសផ្ដាច់ខ្លួនមួយនេះកំពុងជួបការលំបាកក្នុងការរកប្រាក់នៅក្រៅប្រទេសដោយសារតែទណ្ឌកម្មអន្តរជាតិ។

ការបិទស្ថានទូតនេះបានកំណត់ជាដំណាក់កាលសម្រាប់អ្វីដែលអាចជា «ការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាច្រើនទសវត្សរ៍» ដោយមានការប៉ះពាល់ចំពោះការចូលរួមការទូត និងការងារមនុស្សធម៌នៅក្នុងប្រទេសផ្ដាច់ខ្លួនមួយនេះ ក៏ដូចជាសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលខុសច្បាប់ផងដែរ នេះបើយោងតាមលោក Chad O'Carroll ស្ថាបនិកគេហទំព័រ NK Pro ដែលផ្តោតលើប្រទេសកូរ៉េខាងជើង។
លោកបាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃពុធនេះថា បេសកកម្មការទូតជាងដប់ទីតាំង អាចនឹងត្រូវបិទ ដែលទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយដែលអាចកើតមាននៃសេដ្ឋកិច្ចកូរ៉េខាងជើង ផងដែរ៕