ភ្នំពេញ ៖ នៅថ្ងៃទី៨ខែមិថុនានេះ ជាថ្ងៃចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ២នៅទីតាំងខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋសរុបដែលត្រូវមកទទួលដូសទី២ គឺមានចំនួន ៩៦ ០៥១នាក់ ក្រោយបានទទួលការចាក់លើកទី១រួចនោះ។ នេះជាចំនួនដែលបង្ហាញដោយរដ្ឋបាលខណ្ឌច្បារអំពៅ។
សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី២ នៅខណ្ឌច្បារអំពៅ បានចាប់ផ្ដើមឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ខាងមុខ ដោយមានប្រជាពលរដ្ឋដែលត្រូវទទួលការចាក់សរុបចំនួន ៩៦ ០៥១នាក់។ សម្រាប់ការចាក់វ៉ាក់សាំងដូសទី ២នេះ ខណ្ឌច្បារអំពៅ នៅបន្តរៀបចំឡើងលើ ១០ទីតាំងដដែល ដើម្បីបញ្ចៀសការប្រមូលផ្ដុំ និងពន្លឿនសកម្មភាពការងារឱ្យបានឆាប់រហ័ស។ សម្រាប់ទីតាំងទាំង១០នេះ រួមមាន សាលាបឋមសិក្សាច្បារអំពៅទី១ វត្តពោធិ៍ព្រះបាត្រ ទីលានកីឡា បុរីប៉ែងហួត សាលាបឋមសិក្សាឬស្សីស្រស់ សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស អនុវិទ្យាល័យព្រែកប្រាលើ សាលាបឋមសិក្សាវាលស្បូវ វិទ្យាល័យព្រែកឯង សាលាបឋមសិក្សាយកបាត្រ និងទីតាំងទី ១០ គឺនៅវិទ្យាល័យព្រែកថ្មី។
សម្រាប់ការមកទទួលចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃនេះ ប្រជាពលរដ្ឋបានបង្ហាញនូវការត្រេកអរ ហើយពួកគាត់លើកឡើងថា ការវ៉ាក់សាំងរួចរាល់ទាំងពីរដូស ធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅកាន់តែខ្ពស់ ដោយភ្ជាប់ជាមួយវិធានការ ៣ការពារ ៣កុំ។ ពួកគាត់សង្ឃឹមថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋបានកាន់តែច្រើន នឹងធ្វើឱ្យស្ថានភាពសង្គម ការប្រកបរបរចិញ្ចឹមជីវិតវិលទៅភាពល្អប្រសើរ។ ពួកគាត់សប្បាយចិត្តជាខ្លាំង ដែលរាជរដ្ឋាភិបាល ស្វះស្វែងរកជំនួយនិងទិញវ៉ាក់សាំងជូនពលរដ្ឋដោយមិនគិតថ្លៃ។
ជុំវិញដំណើរការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី ៧ខែមិថុនាម្សិលម៉ិញនេះ ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២លាន៧សែននាក់ បានចាក់វ៉ាក់សាំងរួចរាល់ ដោយគិតជាភាគរយស្មើនឹង ២៧,៦៦% នៃចំនួនប្រជាពលរដ្ឋគោលដៅសរុប ១០លាននាក់៕
អត្ថបទ៖គឹមហុក