អាមេរិក ៖ សេតវិមាន កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា) បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានរំពឹងថា នឹងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ដើម្បីបង្កើតបាននូវកិច្ចពិភាក្សា ក្នុងន័យ «ស្ថាបនា» រវាងប្រទេសទាំង២។
ការលើកឡើងនេះបានកើតមាន នៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលអាចជាដំណើរនៃការត្រួសត្រាយផ្លូវ ដើម្បីឲ្យលោក ស៊ី ជួបជាមួយលោក បៃដិន នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APEC។ តែយ៉ាងណាក្ដី ភាគីចិននៅមិនទាន់បញ្ជាក់ថា តើលោក ស៊ី នឹងទៅ ឬអត់នោះទេ។
ដោយនិយាយអំពីកិច្ចពិភាក្សាដែលទន្ទឹងរង់ចាំជាយូរមកហើយនេះ មន្ត្រីសារព័ត៌មាន លោកស្រី Karine Jean-Pierre បានប្រាប់ថា៖ «យើងមានបំណងចង់ឲ្យមានការសន្ទនាក្នុងន័យស្ថាបនាមួយ ពោលគឺជំនួប រវាងមេដឹកនាំទាំង២ នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា។ នោះជាអ្វីដែលនឹងកើតឡើងនៅខែក្រោយ ក្នុងខែវិច្ឆិកា។ យើងកំពុងមានការសន្ទនា ក្នុងន័យស្ថាបនានៅទីក្រុង San Francisco។ ខ្ញុំគិតថា ខ្ញុំត្រឹមតែបញ្ជាក់អះអាងពីរឿងនេះ»។
លោក បៃដិន និងលោក ស៊ី មិនបានជួបប្រាស្រ័យទាក់ទងគ្នានោះទេ គិតចាប់តាំងពីកិច្ចប្រជុំ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសទាំង២ ប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត និងដោយសារទីក្រុងប៉េកាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយឧត្ដមភាពរបស់សហរដ្ឋអាមេរិក៕

