
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅថ្ងៃពុធ (ថ្ងៃទី១ ខែវិច្ឆិកា) បាននិយាយថា នឹងចំណាយពេល «២០ថ្ងៃ» ដើម្បីឲ្យប្រព័ន្ធការពារដែនអាកាសរុស្ស៊ីអាចបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលត្រូវបានរំពឹងថា នឹងបញ្ជូនទៅកាន់អ៊ុយក្រែន។
លោក Shoigu ក៏បាននិយាយផងដែរថា កម្លាំងយោធារបស់អ៊ុយក្រែន កំពុងខ្សោយទៅៗហើយ ខណៈដែលរុស្ស៊ីបន្តរុលទៅមុខ។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍នានាពាក់ព័ន្ធនឹងសមរភូមិបាននោះទេ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុម័តបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនពីប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងខែសីហា នៅពេលដែលការបណ្តុះបណ្តាលដល់អាកាសយានិក ត្រូវបានបញ្ចប់សព្វគ្រប់។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសន្យាថា នឹងបង្កើត «ក្រុមចម្រុះ F-16» ហើយហូឡង់ និងដាណឺម៉ាក គឺជាអ្នកនាំមុខគេ ក្នុងការផ្តល់ជូននូវយន្តហោះចម្បាំងទាំងនេះ។ ទ័ពអាកាសរបស់អ៊ុយក្រែន ភាគច្រើនជាយន្តហោះសម័យសូវៀត៕