សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក អូបាម៉ា មក។

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ថា ប្រទេសទាំងពីរនឹងរៀបចំ «ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ» នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នាអំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែរ។

របាយការណ៍របស់សារព័ត៌មាន WSJ បាននិយាយថា កិច្ចពិភាក្សាអាវុធទាំងនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដឹកនាំដោយលោក ម៉ាឡូរី ស្ទូវើត (Mallory Stewart) មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងលោក ស៊ុន ស៊ាវប៉ូ (Sun Xiaobo) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។
មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលាថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១.០០០គ្រាប់ នៅឆ្នាំ២០៣០ ប៉ុន្តែទីក្រុងប៉េកាំង បានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះរួចទៅហើយ។
កិច្ចចរចាអាវុធរវាងប្រទេសទាំងពីរនេះ នឹងកើតឡើងមុនពេលលទ្ធភាពនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា ខាងមុខនេះ ទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់លោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតសំខាន់ៗមិនទាន់ត្រូវបានគូសបញ្ជាក់នៅឡើយក៏ដោយ៕