តម្លៃប្រេងបានកើនឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកានេះ ស្របពេលជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យក្រុមវិនិយោគិនព្រួយបារម្ភខ្លាំង ថាតើជម្លោះនោះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងនៅជុំវិញតំបន់នេះដែរឬទេ។

តម្លៃភាគហ៊ុននៃប្រេងឆៅរបស់ក្រុមហ៊ុនប្រេនធ៍(Brent) របស់សហរដ្ឋអាមេរិក បានកើនឡើង ៣៨សេន ក្នុងតម្លៃ ៨៥,០១ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹម ០០ ម៉ោងសកល ស្រពពេលតម្លៃភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៦ សេន ក្នុងតម្លៃ៨០,៩០ដុល្លារក្នុងមួយបារ៉ែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី កាម៉េនី (Ayatollah Ali Khamenei)បានអំពាវនាវឱ្យបណ្ដារដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែល ដោយទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្កាហ្សា តទទៅទៀត ។ យោងតាមទិន្នន័យថាមពលរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ ដែលជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេងឬហៅថា (OPEC) ផលិតបានប្រេងឆៅប្រហែល ២,៥ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២២។

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារលើកទីពីររបស់ពួកគេលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ក្នុងតំបន់ហ្កាហ្សារយៈពេលពីរថ្ងៃ ស្របពេលក្រុមជនស៊ីវិលដំបូងដែលជម្លៀសចេញពីតំបន់ឡោមព័ទ្ធបានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប។
អ្នកចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ កំពុងរង់ចាំកិច្ចប្រជុំរបស់ធនាគារអង់គ្លេសដែលរំពឹងទុកនៅថ្ងៃព្រហស្បតិ៍នេះ ។ នៅអឺរ៉ុប អតិផរណាខែតុលានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺនៅកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយការិយាល័យស្ថិតិសហភាពអឺរ៉ុប បានបង្ហាញពីទស្សនៈថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ៕