
រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃពុធ បានបង្ហាញផែនការស្តារឡើងវិញនូវទឹកប្រាក់ចំនួន ៣,៤ ពាន់លានដុល្លារសម្រាប់រមណីយដ្ឋានឆ្នេរ Acapulco ដែលរងការបំផ្លាញ រួមទាំងការបន្ធូរបន្ថយពន្ធ ជំនួយមនុស្សធម៌ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ហើយបាននិយាយថា ខ្លួនអាចចំណាយបន្ថែមទៀតប្រសិនបើចាំបាច់។
ខ្យល់ព្យុះអូទីស (Otis)បានបោកបក់ចូលទីក្រុង Acapulco កាលពីសប្តាហ៍មុន ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង សណ្ឋាគារ និងអាជីវកម្មផ្សេងទៀត ផ្តាច់ទំនាក់ទំនង និងបានបណ្តាលឲ្យមនុស្ស ៩00.000 នាក់ មិនមានទំនាក់ទំនងគ្នា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rogelio Ramirez de la O បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ការវិនិយោគសរុបដែលត្រូវការសម្រាប់ផែនការស្តារឡើងវិញ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦១,៣ ពាន់លានប៉េសូ (៣,៤ ពាន់លានដុល្លារ)។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Gabriel Yorio បាននិយាយថា ប្រទេសម៉ិកស៊ិក រំពឹងថា នឹងទទួលបានចន្លោះពី ៣០ លានដុល្លារទៅ ៦០ លានដុល្លារពីកិច្ចសន្យាសំណងមហន្តរាយ ដែលធានាប្រទេសនេះ ប្រឆាំងនឹងការរញ្ជួយដី និងខ្យល់ព្យុះ។ លោកបានបន្ថែមថា ប្រទេសម៉ិកស៊ិក មានប្រាក់ធានារ៉ាប់រងបន្ថែមចំនួន ៥ពាន់លានប៉េសូ ដែលអាចប្រើប្រាស់សម្រាប់ការសាងសង់ឡើងវិញ។