យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (០៣ វិច្ឆិកា) នេះថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា យោធានឹងវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើការវាយលុកនៅភាគខាងជើងនៃប្រទេស ដោយដណ្តើមយកទីក្រុងនានា និងបិទផ្លូវពាណិជ្ជកម្មទៅកាន់ប្រទេសចិន។

ការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេលមួយសប្តាហ៍នៅទូទាំងតំបន់ដ៏ធំទូលាយនៃរដ្ឋ សាន (Shan) នៅក្នុងអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាការប្រកួតប្រជែងយោធាដ៏ធំបំផុតចំពោះរបបសឹកមួយនេះ ចាប់តាំងពីខ្លួនបានដណ្តើមអំណាចក្នុងឆ្នាំ២០២១ មក។

កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិតាអាំង (TNLA) និងកងទ័ពអារ៉ាកាន (AA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានដណ្តើមបានទីតាំងជាច្រើនមកវិញ និងទីប្រជុំជនចំនួនបួនតំបន់ ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន។
ប្រមុខរបបសឹក លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋថា «រដ្ឋាភិបាល នឹងចាប់ផ្តើមការវាយប្រហារតបត» ប្រឆាំងនឹងក្រុមប្រដាប់អាវុធទាំងនេះ។
លោកក៏បានចោទប្រកាន់កងទ័ពឯករាជ្យកាជីន (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងរដ្ឋកាជីន (Kachin) ដែលនៅជិតខាងនោះថា បានវាយប្រហារ «មធ្យោបាយដឹកជញ្ជូន» និងមូលដ្ឋានយោធា ហើយបានព្រមានថា យោធានឹងសងសឹកបកទៅវិញផងដែរ៕