
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ (៣ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង នឹងបង្កើនការរារាំងយោធាដើម្បីធានាសន្តិសុខរបស់ខ្លួនប្រឆាំងនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលសំដៅទៅលើប្រទេសនេះ ខណៈខ្លួនបានរិះគន់សហរដ្ឋអាមេរិក ចំពោះការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នាពេលថ្មីៗនេះ។
កងទ័ពអាកាសអាមេរិក បានបាញ់បង្ហោះមីស៊ីលឈ្មោះ Minuteman III ដែលមានសមត្ថភាពនុយក្លេអ៊ែរពីមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃពុធ ប៉ុន្តែមីស៊ីលនេះត្រូវបានបំផ្ទុះ បន្ទាប់ពីមានភាពមិនប្រក្រតីត្រូវបានរកឃើញ។ ការសាកល្បងនេះត្រូវបានចូលរួមដោយមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៦ មក។
អ្នកអត្ថាធិប្បាយយោធាកូរ៉េខាងជើងម្នាក់បាននិយាយថា ទោះបីជាការសាកល្បងបរាជ័យក៏ដោយ ក៏វត្តមានរបស់ «ក្រុមជនអន្ធពាលយោធាអាយ៉ង» របស់កូរ៉េខាងត្បូងនេះ បានបង្ហាញថា អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺដាក់គោលដៅទៅលើប្រទេសកូរ៉េខាងជើង។
ការអត្ថាធិប្បាយនេះក៏បានរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះជំហានយោធាថ្មីៗជាច្រើន រួមទាំងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់កូរ៉េខាងត្បូង ផងដែរ៕