ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មលក់ដូរមួយចំនួននៅជុំវិញមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ដើម្បីកុំឲ្យរំខានដល់ការប្រឡងរបស់សិស្សានុសិស្ស។
រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់អាជីវកម្មនានាទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យមានការចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងត្រូវផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ក្រោយបញ្ចប់ការប្រឡងនេះ អាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

