
អាជ្ញាធរក្នុងតំបន់ នៅថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ និងជាច្រើននាក់ បាត់ខ្លួន បន្ទាប់ពីទឹកទន្លេបានឡើងកាន់ខ្លាំង ដោយសារតែភ្លៀងធ្លាក់យ៉ាងជោគជាំ នៅភាគកណ្តាលប្រទេសអ៊ីតាលី ខណៈដែលព្យុះ Ciaran បានបោកបក់ នៅតំបន់អឺរ៉ុបខាងលិច។
មនុស្ស ២នាក់ បានបាត់បង់ជីវិត ក្រោយស្ពានមួយបានបាក់ នៅក្បែរទីក្រុង Pistoia ខណៈនៅទីក្រុង Rosignano មានអ្នកស្លាប់ម្នាក់។ អភិបាលតំបន់ Tuscany បានឲ្យដឹងថា មានបញ្ហាប្រឈម នៅជុំវិញទន្លេធំៗចំនួន២ នៅក្នុងតំបន់ គឺទន្លេ Bisenzio នៅភាគខាងជើងទីក្រុង Florence និងទន្លេ Ombrone នៅភាគខាងត្បូងនៃតំបន់នេះ។
ព្យុះ Ciaran ដែលកើតមានបន្ទាប់ពីព្យុះ Babet កាលពី ២សប្តាហ៍មុន ត្រូវបានជំរុញដោចរន្តខ្យល់ដ៏ខ្លាំង ដែលបានបោកបក់ចេញពីមហាសមុទ្រអាត្លង់ទិក ដោយបង្កឲ្យមានភ្លៀង និងខ្យល់បក់បោកខ្លាំង ដែលបានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធំ នៅក្នុងប្រទេសអៀរឡង់ខាងជើង ផ្នែកខ្លះនៃចក្រភពអង់គ្លេស បែលហ្ស៊ិក និងប្រទេសបារាំង៕