អាហ្សង់ទីន ៖ ក្រុមសិទ្ធិមនុស្ស និងអង្គការមូស្លីមអាហ្សង់ទីនជាច្រើន បានដើរដង្ហែក្បួន កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នៅក្នុងទីក្រុង Buenos Aires ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។
ក្រុមបាតុករបានដើរដង្ហែរក្បួននោះ រហូតដល់ទៅដល់រដ្ឋសភាជាតិ ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរសារជាច្រើន ដូចជា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន» ឬ «នេះមិនមែនជាសង្រ្គាមទេ តែជាអំពើប្រល័យពូជសាសន៍»។
នៅទីនោះ ម្ចាស់ជ័យលាភីពានណូបែលជនជាតិអាហ្សង់ទីន លោក Adolfo Perez Esquivel បានអំពាវនាវឲ្យប្រជាជនបន្តធ្វើបាតុកម្ម រហូតដល់គ្មានការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា ហើយសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការ «បង្កើតរដ្ឋអធិបតេយ្យដោយគ្មានការរារាំង» ត្រូវបានទទួលស្គាល់។
សូមបញ្ជាក់ថា ប្រទេសអាហ្សង់ទីន ដែលជាទីកន្លែងជ្រកកោនរបស់សហគមន៍ជ្វីហ្វដ៏ធំបំផុត នៅតំបន់អាមេរិកឡាទីននោះ កាលពីថ្ងៃពុធ (ទី១ ខែវិច្ឆិកា) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន ដែលមានប្រជាជនយ៉ាងច្រើនណែនណាន់តាន់តាប់ ក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅមួយថ្ងៃមុននោះ៕

