យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បច្ចុប្បន្នបានឆក់យកជីវិតមនុស្សជាង ១១.០០០នាក់ នៅភាគីទាំងសងខាង ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៩.៤៨៨នាក់នៅតំបន់ហ្កាហ្សា ១៤៤នាក់នៅតំបន់វេស ប៊ែង (West Bank ) និងនៅក្នុងប្រទេសអ៊ីស្រាអែលប្រមាណ ១.៤០០នាក់ គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍នេះ ។
សមាគមអ្នកទោសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ជនជាតិប៉ាឡេស្ទីនចំនួន ២.០៤០បាក់ ត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែលចាប់តាំងពីជម្លោះជុំថ្មីបានផ្ទុះឡើងរវាងភាគីទាំងពីរ។ នៅមិនទាន់មានការឆ្លើយតបពីអ៊ីស្រាអែលនៅឡើយទេ។

កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការថ្មើរជើងកាលពីថ្ងៃសៅរ៍ ខណៈចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បន្តប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែល និងវាយប្រហារលើគោលដៅនានារបស់អ៊ីស្រាអែល។
ប្រភពសន្តិសុខប៉ាឡេស្ទីន និងអ្នកស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ថា សំឡេង នៃការប៉ះទង្គិចគ្នាដោយអាវុធ និងការផ្ទុះនៅតែបន្តលាន់ឮនៅក្នុងតំបន់ជាច្រើន នៅភាគខាងត្បូង ខាងជើង និងខាងលិច នៃទីក្រុងហ្កាហ្សា ស្របពេលកងកម្លាំងកងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅក្នុងសប្តាហ៍ទីពីរជាប់ៗគ្នា៕
