បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រាប់កូនក្រុមឲ្យបង្កើនការយកចិត្តទុកដាក់ទាំងលើចំណុចវិជ្ជមាន និងចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អសម្រាប់ភាពរីកចម្រើនទៅថ្ងៃអនាគត។

ការលើកឡើងនេះ បន្ទាប់ពីអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានមើលឃើញទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានក្នុងការប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ាក់ ដែលកម្ពុជាបានរងបរាជ័យដោយលទ្ធផល ៤-១ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ ក្រោយការប្រកួតនេះ លោក Keisuke Honda បាននិយាយទៅកាន់កូនក្រុមថា នៅតង់ទី១ ក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នាធ្វើបានល្អ ដោយបានបង្កើតឱកាសបានច្រើន។ រីឯតង់ទី២ ពួកគេបន្ដធ្វើការងារបានល្អ ហើយបានបង្កើតឱកាសរកគ្រាប់បាល់ ១គ្រាប់ ប៉ុន្តែកុំគិតថា ការស៊ុតចូលនេះជាអ្វីៗទាំងអស់ អ្វីដែលសំខាន់នោះគឺការលេងរបស់ក្រុម ព្រោះនៅតង់ទី២ ទោះបីក្រុមខ្លួនរកបានគ្រាប់បាល់មែន តែការបង្កើតឱកាសតិចជាងតង់ទី១ ហើយក៏មានចំណុចខ្វះខាតច្រើនផងដែរ។

អាស្រ័យហេតុនេះ លោកបានសង្កត់ធ្ងន់ប្រាប់កូនក្រុមថា អ្វីដែលកីឡាករទាំងអស់គ្នា គួរយកចិត្តទុកដាក់នោះគឺចំណុចវិជ្ជមាន ក៏ដូចជាចំណុចខ្វះខាតរបស់ក្រុមក្នុងការប្រកួត ដើម្បីកែលម្អសម្រាប់ការរីកចម្រើនទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជានៅសល់បេសកកម្ម ១ប្រកួតទៀត ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសបារ៉ែន ដោយត្រូវជួបក្រុមកម្រិតខ្ពស់ជាងអ៊ីរ៉ាក់ និងបារ៉ែនគឺក្រុមជម្រើសជាតិអ៊ីរ៉ង់នាថ្ងៃទី១១ ខែមិថុនាខាងមុខ ខណៈលោក Keisuke Honda ក៏បានបញ្ជាក់ប្រាប់កូនក្រុមហើយដែរថា ត្រូវត្រៀមចិត្តត្រៀមកាយដោយក្ដីរីករាយ ដើម្បីធ្វើការប្រកួតជាមួយក្រុមខ្លាំងដូចជាអ៊ីរ៉ង់៕
អត្ថបទ៖ លី ឈុនឡា