បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ព្រមទាំងមានការចូលរួមលោកជំទាវ រស់ សុផានី អភិបាលរងខេត្ត លោក កែ សួនសុភាពប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ត្រីACU។
ក្នុងឱកាសនោះដែរលោក លី សុវណ្ណារិទ្ធ ក៏បានគឺការជូនពរទៅដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព នូវចំណេះដឹងដែលយើងបានខិតខំរយៈពេល១២ឆ្នាំកន្លងមកនេះនិងត្រូវសម្រេចជោគវាសនាក្នុងរយៈពេល២ថ្ងៃនេះ។ ទន្ទឹមជាមួយគ្នានោះលោកក៏បានបញ្ជាក់ថា ជាគោលការណ៍របស់ក្រសួងអប់រំ កីឡា ដែលចេះគឺជាប់។ ដូច្នេះសូមឲ្យបងប្អូនតែជាបេក្ខជនទាំងអស់ត្រូវខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន០៨ មណ្ឌល មាន២៤៧បន្ទប់ ក្នុងនោះថា្នក់វិទ្យាសាស្ត្រ មាន០៣ មណ្ឌល ៨១បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន០៥មណ្ឌលមាន១៦៦បន្ទប់។ លោកប្រធានមន្ទីរបន្តថា ចំពោះបេក្ខជនដែលមានឈ្មោះក្នុងបញ្ជី៦១៦៨នាក់/ស្រី៣៣៧៧នាក់។ ពោលនៅឆ្នាំ២០២៣នេះមានការកើនឡើង ១៤បន្ទប់ បេក្ខជនមានការកើនឡើង ៤០៨នាក់៕ អត្ថបទ៖ រឿង ចន្ទ្រា








