រុស្ស៊ី ៖ យោងតាមក្រុមមន្ត្រីសហភាពអឺរ៉ុប បានឲ្យដឹងថា នាយកប្រតិបត្តិសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងផ្តល់អនុសាសន៍ជុំវិញសំណើសមាជិកភាព ដែលធ្វើឱ្យអ៊ុយក្រែន កាន់តែខិតទៅជិតការក្លាយជាសមាជិកនៃប្លុកមួយនេះនៅក្នុងសប្តាហ៍នេះ ដែលជារង្វាន់ដ៏គួរឱ្យចង់បានសម្រាប់ទីក្រុង គីវ ខណៈដែលភាពនឿយហត់របស់ខ្លួនក្នុងរយៈពេលជិតពីរឆ្នាំ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី កាន់តែខ្លាំងក្លាឡើង។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នាយកប្រតិបត្តិដែលមានមូលដ្ឋាននៅទីក្រុង ព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក នឹងចេញរបាយការណ៍មួយនៅថ្ងៃពុធខាងមុខនេះ សម្រាប់វាយតម្លៃដំណើរវិវត្តន៍ដែលសម្រេចបាន ឆ្ពោះទៅរកសមាជិកភាពរបស់សហភាពអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងគីវ កាលពីថ្ងៃសៅរ៍ លោកស្រីបានលើកសរសើរអ៊ុយក្រែន ដែលបានឈានទៅមុខនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។
របាយការណ៍ និងអនុសាសន៍នោះ នឹងជូនដំណឹងដល់ការសម្រេចដ៏សំខាន់មួយនៅក្នុងខែធ្នូ ដោយកិច្ចប្រជុំកំពូលនៃមេដឹកនាំថ្នាក់ជាតិរបស់សហភាពអឺរ៉ុប ស្តីពីថាតើត្រូវចាប់ផ្តើមការចរចាសមាជិកភាពជាផ្លូវការជាមួយទីក្រុង គីវ ដែរឬទេ។
សូមបញ្ជាក់ថា ការពិភាក្សាបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ មុនពេលបេក្ខជនបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចទូលំទូលាយដើម្បីចូលរួមជាសមាជិក ហើយប្លុកនេះមិនមានឆន្ទៈក្នុងការទទួលយកសំណើចំពោះប្រទេសដែលមានសង្រ្គាមនោះទេ៕

