ប៉ាឡេស្ទីន ៖ អ្នកស្រុកនៅតំបន់ហ្កាហ្សា ត្រូវបង្ខំឲ្យចិត្តផឹកទឹក និងលាងខ្លួនដោយទឹកសមុទ្រ សារតែកង្វះខាតដែលបង្កឡើងដោយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត។
នៅតំបន់ឆ្នេរនៃ Khan Younis នៅតំបន់ហ្កាហ្សាភាគខាងត្បូង ក្រុមគ្រួសារ កំពុងជួបជុំគ្នាជាប្រចាំនៅមាត់ឆ្នេរ ដើម្បីយកទឹកសមុទ្របន្ថែម ដោយសារការផ្គត់ផ្គង់ធ្លាក់ចុះ។
អ្នកស្រុកម្នាក់ឈ្មោះ Muhammad Aliwa បាននិយាយថា៖«យើងមកទីនេះ ដើម្បីងូតទឹកក្មេងៗ នៅក្នុងទឹកសមុទ្រ។ យើងលាយទឹកសមុទ្រជាមួយទឹកសាប និងទឹកផ្សេងទៀត ដើម្បីផឹក»។
ដោយសារតែការវាយប្រហារតាមអាកាសដែលមិនអាចទាយទុកជាមុនបាន ប្រជាជនហ្កាហ្សាជាច្រើន បានជ្រកនៅក្នុងសាលារៀន ឬមន្ទីរពេទ្យ ប៉ុន្តែការផ្គត់ផ្គង់ ក៏អស់យ៉ាងលឿនផងដែរ។
Faten Jundia ជាក្មេងម្នាក់ដែលរស់នៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា យើងបានរត់ទៅសាលារៀន (កន្លែងស្នាក់នៅបណ្តោះអាសន្ន) ប៉ុន្តែអត់មានទឹកទេ យើងមកទីនេះ ដើម្បីបោកខោអាវ សម្អាតរបស់របរក្នុងផ្ទះ ហើយយកទឹកសមុទ្រមកបោកខោអាវវិញ ការផ្គត់ផ្គង់ទឹក [ដល់ជម្រក] ត្រូវបានកាត់ផ្តាច់។
លោក Suleiman Abdan អ្នកស្រុកម្នាក់ទៀត បាននិយាយថា៖ «យើងដាំទឹកសមុទ្រលើភ្លើងរួចញែកទឹកចេញពីអំបិល តាមរយៈការចម្រោះ។ យើងលាងសម្អាតដោយប្រើទឹកនេះ»។
