អ៊ីរ៉ាក់ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានអ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់លើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
លោក Blinken បានធ្វើការកត់សម្គាល់បែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងបាកដាដ បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Al-Sudani ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់ ដោយមិនបានប្រកាសប្រាប់ឲ្យដឹងមុន។
លោក Blinken បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ហើយ នៅក្នុងកិច្ចប្រជុំជាមួយលោក Al-Sudani ថា ការវាយប្រហារ និងការគំរាមកំហែងដែលចេញពីក្រុមជីវពល ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ គឺមិនអាចទទួលយកបានជាដាច់ខាត។ ហើយជាមួយគ្នានេះ លោករដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិក «មិនមានបំណែងស្វែងរកជម្លោះជាមួយអ៊ីរ៉ង់នោះទេ» ប៉ុន្តែ «នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារប្រជាជនរបស់ខ្លួន»។
ក្នុងឱកាសនៃជំនួបនោះ ពាក់ព័ន្ធនឹងជម្លោះ ដែលមានកាន់តែខ្លាំងឡើង រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន គឺក្រុមហាម៉ាស លោក Blinken បាននិយាយថា «យើងកំពុងធ្វើការឥតឈប់ឈរ ដើម្បីធ្វើឲ្យប្រាកដថា ជម្លោះ នៅតំបន់ហ្គាហ្សា មិនកើនឡើង និងមិនរីករាលដាលទៅដល់កន្លែងផ្សេងទៀតទេ»៕

