ភ្នំពេញ ៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត លី ជៀ (Mr. Li Jie) អនុប្រធានវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន (CPIFA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានថ្លែងអំណរគុណដែល ឯកឧត្តមលី ជៀ បានអញ្ជើញមកប្រទេសកម្ពុជា ខណៈដែលវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន បានបង្កើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល ៧៤ ឆ្នាំហើយ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជូ អេនឡាយ (Zhou Enlai) ជាប្រធានាធិបតីដ៏ល្បីល្បាញរបស់ចិន។ ឯកឧត្តមថ្លែងថាវិទ្យាស្ថាននេះពិតជាមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងប្រជាជនពិភពលោកដែលធ្វើឱ្យវិស័យការទូតរបស់ចិនមានការរីកចំរើន និងមានការគោរពទូទាំងសកលលោក។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតលើកឡើង ទាក់ទងនឹងបញ្ហា Indo-Pacific ចំពោះកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកជំហរច្បាស់លាស់ចំនួន ៤ គឺ ទី១ បើកចំហរ ទី២ មិនប្រឆាំងប្រទេសណាមួយ និងទី៣ រក្សាសុខសន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍន៍។
ឯកឧត្តមបន្ថែមទៀតថា កិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុងប្រទេស ភ្ជាប់នឹងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៅកម្ពុជា មិត្តចិនបានកសាងផ្លូវជាង៣ពាន់គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទន្លេជាង ១០ ស្ពាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ និងបម្រើភ្ញៀវទេសចរណ៍ធ្វើឱ្យមានកំនើនទេសចរណ៍ទៅតំបន់អង្គរបានកាន់តែច្រើន។ ឯកឧត្តមសង្ឃឹមថាខាងវិទ្យាសា្ថននឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅប្រជាជនចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនជាពិសេសនៅតំបន់ប្រាសាទអង្គរ។
ឯកឧត្តម លី ជៀ បានថ្លែងអំណរគុណ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានចូលជួបសំដែងការគួរសម និងបានពាំនាំពាក្យសួរសុខទុក្ខ ពីសំណាក់ប្រធានកិត្តិយសនៃវិទ្យាស្ថាន និងអញ្ជើញ ឯកឧត្តម ហោ ណាំហុង និងសហការី ទៅទស្សនកិច្ច នៅប្រទេសចិនក្នុងពេលវេលាណាមួយដ៏ខ្លីខាងមុននេះ។
ឯកឧត្តម លី ជៀ យល់ស្របជាមួយឯកឧត្តម ហោ ណាំហុង អំពីបញ្ហា Indo-Pacific និងបន្តជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត និងផ្សព្វផ្សាយអំពីនយោ បាយការទូតរបស់ចិនទៅកាន់សកលលោក ព្រមទាំងផ្សព្វផ្សាយពីកម្ពុជាឱ្យប្រជាជនចិនបានយល់ដឹងដើម្បីបង្កើនការវិនិយោគ និងទេសចរណ៍កាន់តែច្រើនមកកម្ពុជា៕ ដោយ ៖ ដារា





