
នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed al-Sudani បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចប្រជុំ ស្តីពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និយាយថា អ៊ីរ៉ង់គាំទ្ររាល់វិធានការរបស់បណ្តាប្រទេសអ៊ីស្លាម ដើម្បីការពារការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។
លោក Raisiនិយាយថា រឿងអកុសល អាវុធ ចារកម្ម និងជំនួយហិរញ្ញវត្ថុរបស់អាមេរិកដល់របបហ្សាអឺន ជំរុញឲ្យពួកគេសម្លាប់ និងប្រព្រឹត្តទង្វើដ៏ឃោឃៅលើពលរដ្ឋប៉ាឡេស្ទីន ហើយអ្វីដែលអាមេរិកអះអាងដោយផ្អែកលើវិធីដែលពួកគេចង់ជួយពលរដ្ឋនៅតំបន់ហ្គាហ្សា ឬបន្ទាប់ពីបទឈប់បាញ់ គឺខុសទាំងស្រុង និងជាអំណះអំណាងភូតកុហស ហើយមិនត្រូវនឹងសកម្មភាពរបស់ពួកគេនោះឡើយ ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Al-Sudani បានជួបជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យ ស្របពេលដែលទីក្រុងវ៉ាស៊ីងតោនបង្កើនវិធានការការទូតជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលប្រជាពលរដ្ឋរបស់ពួកគេខឹងសម្បារនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ។
លោក Al-Sudaniនិយាយថា វិបត្តិបច្ចុប្បន្នមិនមែនផ្តើមចេញពីការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំនោះទេ គឺផ្តើមចេញពីគោលនយោបាយឧក្រិដ្ឋកម្មរបស់ក្រុមអាជ្ញាធរកាន់កាប់ ប្រឆាំងនឹងប្រជាពលរដ្ឋរបស់ពួកយើងនៅប៉ាឡេស្ទីន ដែលរួមបញ្ចូលទាំងការកាប់សម្លាប់ គោលនយោបាយផ្លាស់ទីលំនៅ និងការតាំងលំនៅនិគម ក៏ដូចជាការបំពានលើព្រះវិហារ al-Aqsa ។
សូមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ដែលត្រូវរ៉ូវគ្នាជាមួយអ៊ីរ៉ង់ បានគំរាមមានគោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន បើសិនជាទីក្រុងវ៉ាស៊ីងតោននៅតែធ្វើអន្តរាគមន៍គាំទ្រអ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្រ្ទីបបន្តទៀតនោះ ៕