អ្នកទេសចរជាច្រើនកំពុងលុបចោល ឬពន្យារពេលវិស្សមកាលដែលបានគ្រោងទុកទៅកាន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដោយសារតែការភ័យខ្លាចនៃជម្លោះអ៊ីស្រាអែល និងហាម៉ាស កាន់តែអាក្រក់ទៅៗ ហើយដោយសារតែក្រុមហ៊ុនទេសចរណ៍ ក៏បានផ្លាស់ប្តូរផ្លូវធ្វើដំណើរ និងលុបចោលជើងហោះហើរយ៉ាងច្រើនផងដែរ។

តម្រូវការធ្វើដំណើរកម្សាន្តទៅកាន់តំបន់នេះ ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីអ៊ីស្រាអែល បាននិយាយថាក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានសម្លាប់មនុស្ស ១.៤០០នាក់ នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្កាហ្សា ដែលក្រុមអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថាបានសម្លាប់មនុស្សជាង ១០.០០០នាក់។

ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនបានបន្តការផ្អាកជាបណ្តោះអាសន្នលើជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល រហូតដល់ដំណាច់ឆ្នាំនេះ ខណៈប្រតិបត្តិករនាវាចរណ៍កំពុងផ្លាស់ប្តូរការធ្វើដំណើរដើម្បីចៀសវាងដំណើរឆ្លងកាត់ប្រទេសជិតខាងផងដែរ។
ប្រតិបត្តិករទេសចរណ៍និយាយថា សង្រ្គាមកំពុងប៉ះពាល់ដល់តម្រូវការធ្វើដំណើរទៅកាន់ប្រទេសជិតខាង រួមមានប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងទួរគី ផងដែរ៕