អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាពចាប់ពីកាលបរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។
អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។
គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែងរកការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូដទៃទៀត។
បើតាមលោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មានសេចកី្តរីករាយជាខ្លាំងដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀងជាមួយសមាគមស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាចអនុវត្តសកម្មភាពចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។
លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និងមិនស្វែងរកប្រាក់កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើនប្រកបដោយភាពផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែងរកការគាំទ្រដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និងបរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេចចិត្តក្នុងគោលនយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា







