
ព្រះសីហនុ៖ ថ្លែងក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការបញ្ជាក់របស់ក្រុមវិនិយោគិនចិន ដែលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ ហើយ បានឡើងថ្លែងបញ្ជាក់នៅចំពោះមុខ អ្នកជំនួញធំៗរបស់ចិន និងមន្ត្រីចិននានា ក្នុងអំឡុងពេលដែល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន កាលពីពេល ថ្មីៗកន្លងមកនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្រុមអ្នកជំនួញចិន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា បានបញ្ជាក់នៅចំពោះមុខវិនិយោគិនចិន និងមន្ត្រីចិនជាច្រើនច្បាស់ៗថា ខេត្តព្រះសីហនុរបស់កម្ពុជា មានសុខសុវត្ថិភាពល្អ មិនដូចភាពយន្តដែលគេបាននិពន្ធ ដើម្បីឱ្យល្អមើលនោះទេ។
អំឡុងពេលជួបសំណេះសំណាលនៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាការពារឆ្នាំងបាយពលរដ្ឋ និងរួមគ្នាការពារការរីកចម្រើននៅកម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា។
កត្តាចម្បងពីរដែលធ្វើឱ្យវិនិយោគិនបរទេសនានា ចង់ទៅបណ្ដាក់ទុន និងបង្កើនការវិនិយោគនៅប្រទេសមួយនោះគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ និងគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវល្អ៕ដោយ៖ គង់ ឌិន