អ្នកស្រុកជាងកន្លះលាននាក់ នៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) រយៈពេលបីថ្ងៃបន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបានបំផ្លាញខ្សែថាមពលអគ្គិសនី ដែលធ្វើឲ្យផ្នែកភាគច្រើននៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល មួយនេះស្ថិតក្នុងភាពងងឹត។

ក្រុមហ៊ុនចែកចាយថាមពល ENEL បាននិយាយថា ខ្យល់ព្យុះបានវាយប្រហារបណ្ដាលឲ្យបាក់មែកឈើ និងបំផ្លាញដើមឈើរាប់រយដើម ដែលដួលរលំលើខ្សែភ្លើងនៅតាមផ្លូវជាច្រើនក្នុងទីក្រុង ដោយដំបូងឡើយបានកាត់ផ្តាច់អគ្គិសនីដល់ពលរដ្ឋចំនួន ២,១លាននាក់ នៅក្នុងទីក្រុង Sao Paulo នេះ ។
ថ្នាក់រៀនជាច្រើនត្រូវបានលុបចោលកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងទីក្រុងដូចជា Morumbi ជាដើម។ ទីភ្នាក់ងារថាមពល ENEL បាននិយាយថា ខ្លួនបានស្ដារសេវាកម្មដល់អតិថិជនជាង ៧៦% របស់ខ្លួនហើយ ប៉ុន្តែមនុស្សជាង ៥០០.០០០នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ។

ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Sao Paulo បាននិយាយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុដែលអតិថិជនជាច្រើននៅក្នុងទីក្រុងនេះ មិនមានអគ្គិសនីប្រើប្រាស់អស់រយៈពេលយ៉ាងយូរ និងថាតើទីភ្នាក់ងារថាមពល ENEL មានបុគ្គលិកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពអាសន្ននៅក្នុងតំបន់ទាំង២៤ ដែលខ្លួនបម្រើការដែរឬយ៉ាងណា៕