ប៉ាគីស្ថាន ៖ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Lahore បានភ្ញាក់មើលឃើញផ្សែងពុលកាន់តែក្រាស់នាថ្ងៃអង្គារនេះ ស្របពេលដែលន្ទស្សន៍គុណភាពខ្យល់(AQI)នៅទីក្រុងធំបំផុតទី២របស់ប្រទេសប៉ាគីស្ថានមួយនេះ បន្តស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ។
AQI នៅក្នុងទីក្រុង Lahore ឡើងដល់កម្រិត៣៤៨នៅថ្ងៃអង្គារនេះ ។ កម្រិត AQI ពី ០ ដល់ ៥០ ត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតល្អ ខណៈដែលលើសពីកម្រិត ១០០ ត្រូវបានចាត់ទុកថាជាកម្រិតសុខភាពមិនល្អសម្រាប់អ្នកដែលមានបញ្ហាសួត ។ ចំណែកឯកម្រិតចន្លោះពី ៣០១ ដល់ ៥០០ ត្រូវបានគេចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ ។
លោក Mohsin Naqvi គឺជាអភិបាលខេត្ត Punjab ស្តីទី ជាកន្លែងដែល Lahore គឹជាទីក្រុងធំបំផុត បានបង្គាប់ឲ្យសិស្សសាលាទាំងអស់ត្រូវពាក់ម៉ាស់ពេលទៅរៀន ហើយក្រុមនគរបាលមានការងារចាប់រថយន្តណាដែលបញ្ចេញឧស្ម័ន និងផ្សែងច្រើន ក៏ដូចជាចាប់កសិករដុតជ្រាំងស្រូវ ។
យោងតាមតារាងដែលចងក្រងដោយក្រុមគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា កាលពីសប្តាហ៍មុន ទីក្រុង Lahore បានឈរនៅចំណាត់ថ្នាក់លេខ ២ជាទីក្រុងរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក ដែលធ្វើឲ្យសន្ទស្សន៍គុណភាពខ្យល់(AQI) នៅក្នុងទីក្រុងមួយនេះ ឡើងដល់កម្រិត ៣៣៥ ។ ទីក្រុងញូវដែល្លីរបស់ប្រទេសឥណ្ឌា ឈរលើកំពូលតារាងមាន AQI កម្រិត ៦៤០ ៕

