ភ្នំពេញ ៖ វិនិយោគិនប្រមាណ១០០នាក់ បានដាក់លិខិតជាថ្មីស្នើសុំឱ្យក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ សងប្រាក់វិនិយោគិនដាក់ប្រាក់ជាមួយក្រុមហ៊ុន ត្រឡប់ដោយផ្ទាល់។ ទន្ទឹមនឹងនេះ វិនិយោគិនក៏បានបដិសេធចូលរួមជាមួយក្រុមហ៊ុន ប្តឹងបុគ្គលទីបី ដែលត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយសំណុំរឿងបាត់បង់លុយ។
ក្រុមវិនិយោគិនបានដាក់លិខិតស្នើសុំនេះ ទៅក្រុមហ៊ុន GFX ស្ថិតនៅតំបន់ទួលគោក កាលពីព្រឹកថ្ងៃទី៩ខែមិថុនា បន្ទាប់ពីក្រុមហ៊ុន បានជូនដំណឹងដល់វិនិយោគិនកាលពីថ្ងៃទី២៥ ខែឧសភា ចូលរួមប្តឹងជាមួយក្រុមហ៊ុនទៅជនទី៣ មុនថ្ងៃកំណត់ត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ក្រុមវិនិយោគិន បញ្ជាក់ថា ពួកគាត់ទាមទារប្រាក់សំណងប្រមាណ៧លានដុល្លារ ពីក្រុមហ៊ុនដោយផ្ទាល់ ពីព្រោះពួកគាត់បានដាក់ប្រាក់វិនិយោគផ្ទាល់ជាមួយក្រុមហ៊ុន ហើយពួកគាត់មិនដែលស្គាល់បុគ្គលទីបីនោះទេ។ ក្រុមវិនិយោគិន បានបញ្ជាក់ថា សំណុំរឿងកិបកេង គឺជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន និងជនទីបី។
បន្ទាប់ពីបានដាក់លិខិតទាមទារក្រុមហ៊ុន GFX សងត្រឡប់នូវប្រាក់ដែលបានបាត់បង់ក្រុមវិនិយោគិនបានបន្តដាក់លិខិតទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ស្នើសុំអន្តរាគមន៍ តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធខ្នះខ្នែងក្នុងការដោះស្រាយបញ្ហានេះ ហើយ សង្ឃឹមថានឹងមានដំណោះស្រាយល្អពីខាងក្រុមហ៊ុន។
ក្រុមការងារព័ត៌មាន BTV បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិយ័តករមូលបត្រកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតប នៅព្រឹកថ្ងៃទី៩នេះ។
លោក ជា រដ្ឋសាវុន មេធាវីនៃក្រុមហ៊ុន GFX បានបញ្ជាក់ នៅថ្ងៃទី៩នេះថា ទាក់ទិនការតវ៉ាទាមទាររបស់ក្រុមវិនិយោគិន ក្រុមហ៊ុនកំពុងរងចាំតាមនីតិវិធីច្បាប់ គេធ្វើការនៅឡើយ។
សូមបញ្ជាក់ថា ការជួញដូរឧបករណ៍និស្សន្ទ ឬដេរីវ៉េទីវ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃរូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម៕
អត្ថបទ ៖ ឈិត បូរ៉ាវី


