ប្រធានក្រុមប្រឆាំងការរើសអើងអាល្លឺម៉ង់ បាននិយាយថា ការប្រឆាំងជនជាតិជី្វហ្វ បានកើនឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយព្រមានថា ជនជាតិអាល្លឺម៉ង់ មានឆន្ទៈជ្រុលនិយមក្នុងការមិនអើពើនឹងឧក្រិដ្ឋកម្មកាលពីអតីតកាលរបស់ពួកគេលើជនជាតិជ្វីហ្វ និងបានរិះគន់អ៊ីស្រាអែល។

សង្គមវិទូម្នាក់ឈ្មោះ លោកស្រី Beate Kuepper បាននិយាយថា ៥,៧ភាគរយ នៃចំនួនប្រជាជនអាល្លឺម៉ង់ បានបង្ហាញពីអាកប្បកិរិយាប្រឆាំងនឹងជនជាតិជី្វហ្វ ពោលគឺកើនឡើងបីដងនៃកម្រិតកាលពី ២ឆ្នាំមុន។ លោកស្រីបានបន្ថែមថា ខណៈពលរដ្ឋដែលមានដើមកំណើតនៅក្នុងប្រទេសទួរគី ឬរុស្ស៊ី រហូតមកដល់ពេលនេះ ទំនងជាមានជំនឿប្រឆាំងនឹងជនជាតិជី្វហ្វ មានមនុស្សវ័យក្មេងភាគច្រើនបានស្ថិតនៅក្នុងការកើនឡើងនោះ។

ប្រទេសអាល្លឺម៉ង់ បានឃើញរលកនៃការតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែករយៈពេលមួយខែរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយឆ្មក់ដោយពួកសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួនជាង ១.៤០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង២៤០នាក់ទៀត ត្រូវបានចាប់ខ្លួន។
ការវាយប្រហារចាប់តាំងពីថ្ងៃទី៧ ខែតុលា បណ្ដាលឲ្យមានគំនូររូបផ្កាយពណ៌ខៀវ តំណាងអ៊ីស្រាអែល ជាច្រើនត្រូវបានគូរនៅតាមជញ្ជាំងអគារ និងមានការដុតដបសាំងនៅក្នុងសាលាប្រជុំ ព្រមទាំងផ្នូររបស់ជនជាតិជ្វីហ្វជាច្រើនត្រូវបានគេបំពានផងដែរ៕